ប្រវត្តិនៃទស្សនាវដ្ដីកម្ពុជសុរិយា
លោក យូរ អុិន រៀបរៀង
ស្រង់ចេញពីកម្ពុជាសុរិយាដោយ ភិក្ខុពេជ្រ ផានិត(ខេមមុនី)
____________________
ពុទ្ធបរិស័ទទាំងឡាយ!
ក្នុងឱកាសនេះ នឹងពណ៍នាអំពីប្រវត្តិនៃទស្សនាវដ្ដី កម្ពុជាសុរិយា នៃពុទ្ធសាសនបណ្ឌិត្យ ដោយសេចក្ដីសង្ខេប តែមុនបង្អស់សូមពណ៍នា អំពីពាក្យថា ទស្សនាវដ្ដី និងពាក្យថា កម្ពុជាសុរិយា។
អ្វីហៅថា ទស្សនាវដ្ដី កម្ពុជសុរិយា?
ទស្សនាវដ្ដី ជាពាក្យបាលី ប្រែថា "ដំណើរវិលនៃការមើល" គឺការមើលឬ អានវិលទៅតាមពេលកំណត់ ដែលនឹងចេញឱ្យមើលឱ្យអាន ដូចកំណត់កន្លះខែ ឬមួយខែនឹងចេញ ១លេខឱ្យមើល យ៉ាងនេះហៅថា ទស្សនាវដ្ដី បានដល់សៀវភៅដែលគេបោះពុម្ពចម្រុះ អត្ថបទចេញផ្សាយឱ្យមើលតៗគ្នា ពីលេខ១ ទៅលេខ២ ទៅលេខ៣ជាដើម បើអត្ថបទណាវែង គេរំលែក ចុះក្នុងសៀវភៅលេខ១ខ្លះ លេខ២ខ្លះ លេខ៣ខ្លះ ឱទាល់តែចប់អត្ថបទនោះ។ ទស្សនាវដ្ដីនេះមាន អាការចេញផ្សាយ ប្រហែលគ្នានឹងសារព័ត៌មាន ប្លែកគ្នាតែត្រង់ទស្សនាវដ្ដី គេចងជាសៀវភៅ ឯសារព័ត៌មានគេមិនចង ប៉ុណ្ណោះ។
កម្ពុជសុរិយា ជាពាក្យបាលី ប្រែថា ព្រះអាទិត្យកម្ពុជា។ ពាក្យនេះជាឈ្មោះ នៃទស្សនាវដ្ដី របស់មន្ទីរព្រះរាជបណ្ណាល័យកម្ពុជា ដែលឥឡូវនេះប្រែឈ្មោះ មកជា មន្ទីរពុទ្ធសាសនបណ្ឌិត្យ ជាវិជ្ជាស្ថានសម្រាប់ពង្រីកខាងសាសនា និងអក្សរសាស្ត្រ។
ការសន្មតិឈ្មោះទស្សនាវដ្ដីថា កម្ពុជសុរិយានោះ ដោយលោកអ្នកបង្កើត មានសេចក្ដីយល់ឃើញថា ប្រទេសកម្ពុជា ចាប់ពីពេលដែលមានទស្សនាវដ្ដី នេះចេញផ្សាយ តាមមុខការខាងជួយបំភ្លឺ ពន្យល់គតិលោកគតិធម៌ ទុកដូចជាមានព្រះអាទិត្យមួយរះបញ្ចាំងរស្មីភ្លឺត្រចះ ហើយបណ្ដាជនជាតិខ្មែរ ក៏នឹងកើតមានប្រាជ្ញាភ្លឺស្វាង ក្នុងផ្លូវលោក ផ្លូវធម៌ ដោយសារបានអាន ទស្សានាវដ្ដីនេះ។
☀️ទស្សនាវដ្ដីនេះ មានប្រវត្តិយ៉ាងណា មានគោលបំណងដូចម្ដេច?
ក្នុងប្រទេសកម្ពុជា កាលពីមុន គ.ស.១៩២៥ នៅឡើយ មិនទាន់មានការបោះពុម្ពសៀវភៅ ជាផ្លូវធម៌ផ្សាយបំភ្លឺដល់បណ្ដាជនទេ។ នៅសម័យនោះ ប្រទេសកម្ពុជាទុកដូចជានៅក្នុងទីងងឹត គ្មានពន្លឺព្រះអាទិត្យ ចែង ចាំងចូលដល់សោះ។ លុះមកដល់ គ.ស.១៩២៥ រាជរដ្ឋាភិបាលបានបង្កើត ឱ្យមានមន្ទីរព្រះរាជបណ្ណាល័យកម្ពុជា គឺមន្ទីរពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃនេះ ដើម្បីតម្កល់ក្បួន តម្រា គម្ពីរ សាស្ត្រា និងសៀវភៅផ្សេងៗ ទុកសម្រាប់ សាធារណជន ចូលទៅរៀនទៅអាន ឬខ្ចីយកទៅសិក្សាឯលំនៅរបសើខ្លួន បានតាមចិត្ត។ កាលកើតមានមន្ទីរនេះហើយ ទើបមន្ទីរនេះចាត់ការ បង្កើតនូវទស្សនាវដ្ដី កម្ពុជសុរិយា បោះពុម្ពផ្សាយចេញរាល់ខែ ព្រមទាំងបានបោះពុម្ពសៀវភៅ ជាគតិធម៌ថែមទៀត ចំពោះតែសៀវភៅណាដែល ពុទ្ធបរិស័ទត្រូវការណាស់ ដូចសៀវភៅបាតិមោក្ខសង្ខេប សាមណេរវិន័យ គិហិបដិបត្តិជាដើម។
ទស្សនាវដ្ដីកម្ពុជសុរិយា ដែលបានបង្កើតឱ្យមានឡើងនេះ ដោយមាន គោលបំណងនឹងជួយទ្រោលបំភ្លឺប្រជាជាតិខ្មែរ ឱ្យមានប្រាជ្ញាឈ្វេងយល់ ភ្លឺស្វាង ក្នុងគតិលោកធម៌ តាមគ្រោងការណ៍ដូចតទៅនេះ៖
១. ចុះផ្សាយប្រចាំខែ នូវអត្ថបទខាងពុទ្ធសាសនា ដែលមានគម្ពីរស្លឹករឹត ស្រាប់ ព្រមទាំងដំណឹងជាគតិលោកធម៌ ដែលមានសារប្រយោជន៍ ដល់សាធារណជន។
២. ចុះផ្សាយប្រចាំខែ នូអត្ថបទផ្នែកអក្សរសាស្ត្រ ដែលបាននិពន្ធឡើងដោយស្នាដៃដ៏ជំនាញ នៃបុគ្គលិកក្រុមនេះ ឬក៏ពួកកវីពីគ្រប់ទិស បាននិពន្ធ ហើយផ្ញើមកឱ្យព្រះរាជបណ្ណាល័យចុះផ្សាយ។
៣. ចុះផ្សាយនូវប្រវត្តិការណ៍ និងដំណឹងផ្សេងៗជាពិសេស ឬជាផ្លូវការ ដែលទាក់ទងនឹងសាសនា ឬក៏ចុះផ្សាយនូវសកម្មភាពខ្លះៗ របស់ក្រុមនេះ ដែលបានធ្វើ។
ព្រោះហេតុមានគោលបំណងយ៉ាងនេះហើយ ទើបទស្សនាវដ្ដីកម្ពុជសុរិយា កាលពីសម័យដំបូងនោះ បញ្ចេញពន្លឺខាងគតិធម៌ច្រើនជាងគតិលោក។ ទោះបីដូច្នោះ ក៏ជីវភាពនិងការប្រព្រឹត្តិទៅនៃកម្ពុជសុរិយា ចេះតែចម្រើនឡើងជាលំដាប់ មិនដែលរលត់រលាយទៅ។
ចាប់តាំងពី គ.ស.១៩២៨មក ព្រះរាជបណ្ណាល័យកម្ពុជា បានកែប្រែ ត្រឡប់ជាចុះផ្សាយអត្ថបទ ខាងគតិលោកច្រើនជាងគតិធម៌វិញ ដោយអាងថា សៀវភៅគតិធម៌មានបោះពុម្ពផ្សាយច្រើនហើយ ចំណែកសៀវភៅខាងគតិលោក បោះពុម្ពផ្សាយតិចតួចស្ដួចស្ដើងណាស់ មួយទៀត ដោយអនុលោមតាមមតិនៃអ្នកអានភាគច្រើន ដែលចូលចិត្តខាងគតិលោក។
ប្រវត្តិទស្សនាវដ្ដីកម្ពុជសុរិយា តាមដែលបានរៀបរាប់ដោយសង្ខេបមកនេះ ល្មមជ្រាបបានថា តាំងពីទស្សនាវដ្ដីនេះចាប់កំណើត រហូតមកដល់ឆ្នាំ១៩៥៨នេះ ត្រូវជា៣០ឆ្នាំហើយ។ ក្នុងរយៈវេលា ៣០ឆ្នាំដែលកន្លង ទៅហើយនោះ កម្ពុជសុរិយាពុំដែលមានការអាក់ខាន ឬបាត់ឈ្មោះទេ នៅតែមានពលានុភាពរឹងបុឹងជាដរាបរៀងមក អាចបំពេញពន្លឺ ជួយបំភ្លឺ ជួយពន្យល់ពុទ្ធសាសនិកជនជាតិខ្មែរ ឱ្យយល់ប្រវត្តិការណ៍សាសនា ឱ្យលះអាក្រក់ កាន់ល្អតាមគន្លងធម៌បានច្រើនចាអនេក ហេតុនោះហើយ បានជា កម្ពុជសុរិយា តែងទទួលលទ្ធផលល្អ គឺសេចក្ដីសរសើរ ពីសំណាក់នៃ លោកអ្នកអានជារឿយៗ។
តើទស្សនាវដ្ដីនេះ មានប្រយោជន៍យ៉ាងណា?
ពុទ្ធបរិស័ទទាំងឡាយ!
ដូចព្រះតេជព្រះគុណ និងអស់លោកអ្នកបានជ្រាបស្រាប់ហើយថា ក្នុងសម័យនេះ គ្រប់អារ្យប្រទេសទាំងឡាយក្នុងលោក ទោះប្រទេសធំក្ដី តូចក្ដី តែងមានទ្សនាវដ្ដីជាច្រើនណាស់ គឺទស្សនាវដ្ដីចេញប្រចាំសប្ដាហ៍ក៏មាន ចេញប្រចាំខែក៏មាន ចេញប្រចាំឆ្នាំក៏មាន ហើយដែលចេញរាល់សប្ដាហ៍ រាល់ខែ រាល់ឆ្នាំនោះ មិនមែនមានតែមួយម៉ង់ៗ ដូចទស្សនាវដ្ដី នៅប្រ ទេសយើងទេ គឺមានច្រើនទស្សនាវដ្ដី។ ដែលទៅជាមានទស្សនាវដ្ដីច្រើន យ៉ាងនេះ ក៏ដោយអាស្រ័យជនជាតិក្នុងប្រទេសនោះ ពេញចិត្តក្នុងការសិក្សាច្រើន ដែលជាហតុឱ្យនិយមចូលចិត្តអានច្រើន។ ជនជាតិទាំងនោះក៏ដុះដាលចម្រើនឡើង ដោយចរិយាល្អនិងភោគទ្រព្យ ជាលំដាប់រាល់ថ្ងៃ ដោយសារផ្លូវគំនិតផ្លូវប្រាជ្ញា ដែលកើតអំពីការអាននូវទស្សនាវដ្ដី ជួយជាកម្លាំងមួយផង។
ដោយឃើញនៅប្រទេសគេ មានអ្នកអានច្រើនណាស់ យ៉ាងនេះហើយ ក្រុមពុទ្ធសាសនបណ្ឌិត្យ តែងទន្ទឹងមើលផ្លូវបងប្អូនរួមជាតិ ដោយនឹកក្នុងចិត្តថា ធ្វើម្ដេចហ្ន៎ ឱ្យជនជាតិយើងចេះធ្វើបដិវត្តន៍ផ្លាស់ប្ដូរ គំនិតចាស់ចោលចេញ ប្រែគំនិតថ្មីវិញ ពេញចិត្តក្នុងការសិក្សានិងការអាន នូវទស្សនាវដ្ដីឱ្យបានច្រើនរូប ជាលំដាប់រាល់ឆ្នាំឡើង កុំឱ្យចាញ់ប្រៀប ជនជាតិដទៃ។
ប្រសិនបើជនជាតិយើង ចូលចិត្តអានច្រើនរូបហើយ ទស្សនាវដ្ដីក្នុងប្រទេសយើង ក៏នឹងកើតមានច្រើនឡើងដែរ ហើយកម្ពុជសុរិយាក៏នឹង បានទស្សនាវដ្ដីនោះៗជាគ្នា ដើម្បីរួមកម្លាំងជួយបំភ្លឺផ្លូវជាតិ ឱ្យដើរទៅរក សេចក្ដីចម្រើន ដោយមិនលំបាកដូចមានទោលតែមួយទេ។
យូរឆ្នាំមកហើយ ក្រុមពុទ្ធសាសនបណ្ឌិត្យ បានយកចិត្តទុកដាក់ស្អិត ស្អាងលម្អកម្ពុជសុរិយា ចាំទទួលបដិសណ្ឋារៈចំពោះជនរួមជាតិអ្នកអាន ដោយអត្ថបទ៣ផ្នែកគឺ ផ្នែកសាសនា១ ផ្នែកអក្សរសាស្ត្រ១ ផ្នែកប្រវត្តិការណ៍១ ដែលជាអត្ថបទសម្រិតសម្រាំង តម្រូវតាមអធ្យាស្រ័យលោកអ្នក អាន។ ដោយលទ្ធផលនៃការសម្រិតសម្រាំងអត្ថបទនោះ ក្រុមពុទ្ធសាសន បណ្ឌិត្យ បានឃើញព្រះតេជព្រះគុណ និងអស់លោកអ្នកដែលបានចុះនាម ជាវយកទៅអាន ក៏មានច្រើនរូបដែរហើយ ដែលយើងសង្ឃឹមថា មិនលះ បង់ចោលកម្ពុជសុរិយា និងចេះតែបន្តព្យាយាមជាវជាដរាបទៅ ក្រុមពុទ្ធ សាសនបណ្ឌិត្យ សូមសរសើរគុណ ព្រះតេជព្រះគុណ និងអស់លោកទាំងនោះទុកជាមុន។
ចំណែកព្រះតេជព្រះគុណនិងអស់លោកអ្នក ដែលពុំទាន់ចុះនាមជាវ យើងសង្ឃឹមថាគង់នឹងបំពេញចំណង់ ក្នុងការសិក្សាអានឱ្យបាន ច្រើនរូបឡើង ហើយផ្ញើនាមទៅចុះជាវយកមកអានដើម្បីជាជំនួយសតិបញ្ញារបស់ព្រះតេជព្រះគុណនិងរបស់លោកអ្នក។
ព្រោះកម្ពុជសុរិយា ១២ក្បាល ក្នុង១ឆ្នាំតម្លៃជាវជាប្រាក់ ២៣០រៀលនោះ យើងស្មានថាពុំស្មើនឹងសតិបញ្ញា ដែលកើតអំពីការអានទស្សនាវដ្ដី កម្ពុជសុរិយាឡើយ។
__________________________________
ក្រចេះ,ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២៥៧០/២០២៦
Tags:
History Khmer







